គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ម្រេចកំពត : គ្រោះរាំងស្ងួតធ្វើឱ្យទិន្នផលធ្លាក់ចុះអស់ពាក់កណ្តាល

កាលបរិច្ឆេទ: ១៣ មិថុនា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

«នៅកម្ពុជា ដំណាំម្រេចដ៏មានតម្លៃ រងការខូចខាតដោយសារបម្រែបម្រួលអាកាសធាតុ» គឺជាចំណងជើងមួយនៃអត្ថបទកាសែតរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង (Agence France Presse) ដែលបានចុះផ្សាយលើទំព័រសារព័ត៌មានប្រមាណជាងដប់នៅលើពិភពលោក។ នេះជាសក្ខីភាពបញ្ជាក់ថា ម្រេចកំពតពិតជាមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅលើឆាកអន្តរជាតិមែន។

«កាលពីប៉ុន្មានសប្តាហ៍កន្លងមកនេះ តំបន់អាស៊ី និងអាស៊ីអាគ្នេយ៍ទទួលរងសម្ពាធកម្តៅឡើងក្តៅខ្លាំងខុសប្លែកពីធម្មតាបន្ទាប់ពីគ្រោះរាំងស្ងួតជាច្រើនខែ។ នៅតំបន់ខ្លះនៃកម្ពុជា សីតុណ្ហភាពឡើងដល់៤៣អង្សារ។ បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្សនឹងបណ្តាលឱ្យមានបញ្ហាប្រឈមនឹងកម្តៅឡើងខ្ពស់ខ្លាំងជាញឹកញាប់ ជាមួយនឹងរយៈពេលយូរ និងខ្លាំងជាងមុន ហើយអ្នកវិទ្យាសាស្រ្តតែងតែព្រមានពីបញ្ហានេះ »។ នេះជាការគូសបញ្ជាក់នៅក្នុងសារព័ត៌មានខាងលើ។

អត្ថបទកាសែតរបស់ទី​ភ្នាក់ងារសារព័ត៌មានបារាំងបានបន្តទៀតថា៖ «ទទួលបានការពេញនិយមពីមេចុងភៅចំណានៗនៅលើពិភពលោកដោយសាររសជាតិហិរ និងក្លិនក្រអូបប្រហើររបស់វា ម្រេចកំពតត្រូវបានចាត់ទុកជាផលិតផលដែលមានតម្លៃខ្ពស់ក្នុងចំណោមផលិតផលម្រេចទាំងអស់។ នៅតាមហាងលក់គ្រឿងទេសគុណភាពខ្ពស់ ម្រេចកំពតមានតម្លៃ២០០អឺរ៉ូក្នុងមួយគីឡូ »។

ការទទួលបានវិញ្ញាបនបត្រសម្គាល់ទីតាំងភូមិសាស្រ្តដែលផ្តល់ដោយសហគមន៍អឺរ៉ុបគឺជាមោទកភាព និងស្ថេរភាពផ្នែកសេដ្ឋកិច្ច ប៉ុន្តែជាអកុសល វាមិនអាចជួយការពារដំណាំម្រេចពីកម្តៅឡើងខ្ពស់នៃសីតុណ្ហភាព និងគ្រោះរាំងស្ងួតដែលអូសបន្លាយពេលយូរ និងកើតឡើងញឹកញាប់ពេកនោះឡើយ។

បើតាមប្រសាសន៍របស់ប្រធានសមាគមម្រេចកំពត ឆ្នាំនេះទិន្នផលនឹងធ្លាក់ចុះពាក់កណ្តាល ហើយការនាំចេញនឹងជួបបញ្ហាធ្ងន់ធ្ងរនៅឆ្នាំ២០២៥។ ធម្មតា តំបន់សម្គាល់ទីតាំងភូមិសាស្រ្តអាចផ្តល់ទិន្នផលបានចន្លោះ១២០តោនក្នុងមួយឆ្នាំ។

ប៉ុន្តែឆ្នាំនេះ ភ្លៀងធ្លាក់ជោគជាំនៅដើមរដូវវស្សាបានបំផ្លាញផ្កាម្រេចអស់ជាច្រើន បន្ទាប់មកភាពរាំងស្ងួតបានចូលរួមបង្ហើយជីវិតដើមម្រេច។

សម្រាប់ប្រធានសមាគមរូបនេះ កសិករគ្មានជម្រើសអ្វីផ្សេងក្រៅពីរកមធ្យោបាយស្តុកទឹកទុកឱ្យបានច្រើននោះទេ។

ចម្ការម្រេចរបស់ក្រុមហ៊ុនខនហ្វីរេលក៏ទទួលរងការខូចខាតដែរ​ ប៉ុន្តែអាងស្តុកទឹករបស់យើងអាចជួយកាត់បន្ថយទំហំនៃការខូចខាតបានខ្លះ។ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាងបានបញ្ជាក់ថា៖ «យើងបានគិតគូរទុកជាមុនពីបញ្ហាអាកាសធាតុនេះនៅពេលធ្វើការដាំដុះ។ យើងគិតទៅដល់ការគោរពបរិស្ថានតាមរយៈការដាំដំណាំសរីរាង្គ និងអនុវត្តសេដ្ឋកិច្ចវិលជុំ និងប្រកបដោយនិរន្តរភាព ដោយធ្វើការកែច្នៃឡើងវិញនូវកាកសំណល់សរីរាង្គ»។

ក្នុងការធ្វើអត្ថាធិប្បាយលើអត្ថបទរបស់ទី​ភ្នាក់ងារសារព័ត៌មានបារាំង វេបសាយមួយឈ្មោះថា environnementaliste Pacte pour le climat បានសរសេរថា «អស់ជាច្រើនជំនាន់មកហើយ ដំណាំម្រេចកំពតបានឆ្លងផុតរបបប៉ុល ពត បន្ទាប់មកត្រូវរងគ្រោះដោយសារបញ្ហាអស្ថេរភាពនយោបាយ ប៉ុន្តែចាប់ពីពេលនេះតទៅ ម្រេចកំពតត្រូវមកប្រឈមនឹងបញ្ហាអាកាសធាតុវិញ​ម្តង។ ក្រោមក្រសែភ្នែកព្រួយបារម្ភរបស់មេចុងភៅនៅលើពិភពលោក អ្នកដាំម្រេចកំពតបន្តប្រយុទ្ធប្រឆាំងនឹងគ្រោះធម្មជាតិ។ បញ្ហារបស់ពួកគេមិនមែនជាបញ្ហាបុគ្គលនោះទេ តែវាជាសញ្ញាប្រកាសអាសន្នទៅដល់ពិភពលោកទាំងមូល។ វិបត្តិម្រេចកំពតគឺជាការអំពាវនាវឱ្យមានការចាត់វិធានការជាបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបំរែបំរួល​អាកាសធាតុ គឺជាសារក្រើនរម្លឹកដល់យើងទាំងអស់គ្នាថា យើងនឹងអាចបាត់បង់មិនត្រឹមតែគ្រឿងទេសប៉ុណ្ណោះទេ តែយើងអាចបាត់បង់បំណែកនៃវប្បធម៌ប្រពៃណីដ៏សម្បូរបែបនៃពិភពលោករបស់យើង»៕